ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានយល់ព្រមលើរូបមន្តសម្រាប់យន្តការកំណត់តម្លៃ ប្រេងសាំងនៅកម្ពុជាហើយ ហើយសំណើក៏ត្រូវបានដាក់ជូនលោកនាយករដ្ឋមន្រ្ដីដើម្បីការពិចារណា បន្ថែមផងដែរ។ នេះបើយោងតាមមន្ដ្រីក្រសួងពាណិជ្ជកម្ម។
លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថាសំណើនេះត្រូវបាន យល់ព្រមដោយអន្តរក្រសួង និងត្រូវបានដាក់ជូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន រួចហើយដែរ។ បន្ទាប់មកត្រូវរង់ចាំតែការកោះហៅរបស់គាត់តែប៉ុណ្ណោះ។
ព័ត៌មានលម្អិតបន្ថែមអំពីរូបមន្ដសំណើនេះមិនត្រូវបានផ្ដល់នោះ ទេប៉ុន្តែលោក កែន រដ្ឋា បានថ្លែងថាយន្តការនេះនឹងកំណត់តម្លៃប្រេងដោយពឹងផ្អែកលើតម្លៃ នាំចូល និងការចំណាយផ្សេងៗ។
លោកលើកឡើងថា៖ «យើងបានបញ្ជូនរូបមន្តដែលបានស្នើឡើងទៅលោកនាយករដ្ឋមន្ត្រីរួច ហើយ។ យើងរង់ចាំមើលថាតើលោកនាយករដ្ឋមន្ត្រីថានឹងកោះហៅប្រជុំនៅពេលណា យើងក៏មិនទាន់ដឹងដែរ»។
លោក ប៊ិន ម៉ានីមាលា អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្រុមហ៊ុន PTT (Cambodia) Ltd បានថ្លែងថាលោកមិនបានដឹងថាតើរូបមន្ដណាមួយត្រូវបានដាក់ស្នើ ទៅលោកនាយករដ្ឋមន្ដ្រីទេ។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថាគាត់សម្រេចយកមួយណាស្នើជូនទៅសម្តេចនៅឡើយទេ ពីព្រោះមានរូបមន្តច្រើនដែលពិភាក្សាប៉ុន្តែខ្ញុំជឿថា ទោះបីជាគាត់យករូបមន្តមួយណាក៏ដោយក៏វានៅក្នុងផ្លូវល្អដែរ»។
បើទោះបីយ៉ាងនេះក្តីលោកអះអាងថាគេមិនត្រូវកំណត់តម្លៃដូចគ្នានោះទេ។
លោកបានបន្តថា៖ «សំខាន់កុំឲ្យគាត់ដាក់ចេញមកជាការកំណត់ជាលេខ។ ក្រុមហ៊ុនចំណាយខុសគ្នា។ យើងមានរូបមន្តរួចហើយ។ ការចំណាយខុសគ្នា។ តម្លៃអាចលើសគ្នាបន្តិចបន្តួចតម្លៃធ្លាក់យឺតយ៉ាវបន្តិចបន្តួច តែងតែមាន»។
លោកបន្ថែមថា៖ «យើងអាចមានយន្តការដូចគ្នាយើងមិនអាចលក់ក្នុងតម្លៃដូចគ្នា បានទេដោយសារតែយើងមានគុណភាពខុសគ្នាហើយយើងត្រូវការច្បាប់ ប្រកួតប្រជែង និងច្បាប់ដែលអាចអនុវត្តបានផងដែរក្នុងការកំណត់តម្លៃ»។
តម្លៃប្រេងឆៅប្រភេទ (WTI) ជាតម្លៃប្រេងគោលរបស់អាមេរិកសម្រាប់ចែកចាយនៅខែមករាបានធ្លាក់ ថ្លៃពី ១,១៨ ដុល្លារនៅតម្លៃ ៤០,៧២ ដុល្លារក្នុងមួយបារ៉ែលខណៈប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមករាបានធ្លាក់ថ្លៃ ៨២ សេននៅតម្លៃ ៤៣,៨៤ ដុល្លារក្នុងមួយបារ៉ែល។
កាលពីខែមុនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថាលោកនឹងជួបជាមួយក្រុមហ៊ុនលក់ប្រេងរាយកម្ពុជាដើម្បី ពិភាក្សាបន្ថែមពីបញ្ហាបង្កើតយន្តការកំណត់តម្លៃប្រេងដែលអាច ប្រែប្រួលបានក្នុងការធានាឲ្យប្រាកដថាតម្លៃប្រេងនៅកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារពិភពលោក។
តម្លៃប្រេងនៅតាមស្ថានីយប្រេងក្នុងទីក្រុងភ្នំពេញកាលពី ម្សិលមិញចាប់ពី ៣ ៦០០ រៀលសម្រាប់ប្រេងសាំងធម្មតាដល់ ៣ ៩០០ រៀលសម្រាប់ប្រេងសាំងស៊ូពែរ៕
No comments:
Post a Comment