តាមប្រភពព័ត៌មាន ពីកងទ័ពតួកគី
យន្តហោះចម្បាំងមួយ ត្រូវបានបាញ់ទម្លាក់ ដោយកងកម្លាំងតួកគី
បន្តាប់ពីតួកគីអះអាងថា
យន្តហោះនោះបានហោះទន្រានចូលក្នុងដែនអាកាសតួកគី។
រុស្ស៊ីបានចេញមុខអះអាងភ្លាមៗ ថាយន្តហោះនោះជាយន្តហោះរបស់ខ្លួន
ដែលកំពុងធ្វើប្រតិបត្តិការនៅស៊ីរី
ហើយរុស្ស៊ីអាចនឹងមានភស្តុតាងគ្រប់គ្រាន់ ថាយន្តហោះនោះ
មិនបានហោះចូលរំលង ទៅក្នុងដែនអាកាសតួកគីទេ។
ទូរទស្សន៍តួកគី ពីរស្ថានីយ៍
បានធ្វើការចាក់ផ្សាយរូបភាព យន្តហោះចម្បាំងមួយ ដែលត្រូវភ្លើងឆេះ
កំពុងតែធ្លាក់ ពីលើមេឃ។ ទូរទស្សន៍បានផ្សាយ ដោយយោងប្រភព
ពីក្រសួងការពារជាតិតួកគីថា យន្តហោះនោះ
ត្រូវបានកងទ័ពតួកគីបាញ់ទម្លាក់ បន្ទាប់ពីបានហោះចូលទន្រា្ទន
មកក្នុងដែនអាកាសតួកគី ដោយគ្មានការអនុញ្ញាត។
ភ្លាមៗនោះ លោកនាយករដ្ឋមន្ត្រីតួកគី បានកោះប្រជុំបន្ទាន់ជាមួយ
អគ្គមេបញ្ជាការ កងទ័ពតួកគី និងរដ្ឋមន្ត្រីក្រសួងការបរទេស
ដើម្បីរៀបចំដាក់ពាក្យប្តឹងទៅ អង្គការអូតង់។មិនដល់ប៉ុន្មានម៉ោងក្រោយមកផង ក្រសួងការបរទេសរុស្ស៊ី បានចេញ សេចក្តីបញ្ជាក់ ថាយន្តហោះនោះ ជាយន្តហោះចម្បាំងរបស់រុស្ស៊ី ប្រភេទ SU-24 ដែលមានអ្នកបើកបរពីរនាក់។ រុស្ស៊ីបានប្រកែកថា យន្តហោះនោះ មិនបានហោះចូលទៅក្នុងដែនអាកាសតួកគីទេ ហើយគេនឹងរៀបចំប្រមែរ ប្រមូលភស្តុតាង មកបញ្ជាក់។
ចំណែក អ្នកបើកបរទាំងពីរ ត្រូវបានគេផ្តល់ព័ត៌មានថា មិនបានស្លាប់ក្នុងហេតុកាណ៍នេះទេ ដោយពួកគេ បានចុចប៊ូតុង ផ្តាច់ខ្លួនចេញពីយន្តហោះ ហើយធ្លាក់មកតាមឆ័ត្រយោង។ បើតាមការផ្សាយរបស់ ទូរទស្សន៍ CNN តួកគី អ្នកបើកបរម្នាក់ បានធ្លាក់ ទៅលើមូលដ្ឋាន ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមអ្នកតស៊ូ តួកូម៉ាន់ នៅភាគខាងជើងស៊ីរី ជាប់នឹងព្រំដែនតួកគី។
នេះមិនមែនជាលើកទីមួយទេ ដែលមានករណីរំលោភដែនអាកាសតួកគី ពីសំណាក់កងទ័ពរុស្ស៊ី ជាក់ស្តែង កាលពីថ្ងៃទី ៣ តុលា តួកគី បានបញ្ជូនយន្តហោះប្រដេញ ដើម្បីហោះកៀងប្រដេញយន្តហោះចម្បាំងរុស្ស៊ី ឲ្យបកក្រោយ ថយចេញពីដែនអាកាសតួកគី។ ករណីនេះរុស្ស៊ីបានទទួលស្គាល់ ប៉ុន្តែបានលើកហេតុផលថា ដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ទើបយន្តហោះរុស្ស៊ីគ្មាន ជម្រើស។ ថ្មីៗនេះដែរ តួកគីបានបាញ់ទម្លាក់ឧបករណ៍ដ្រូនស៊ើបការណ៍មួយ ដែលតាមការពិនិត្យ គឺជាឧបករណ៍ដ្រូនផលិតនៅរុស្ស៊ីទៀត។
ករណីថ្មីនាពេលនេះ នឹងរឹតតែបញ្ឆេះជម្លោះ រវាងតួកគី និងរុស៊្សី ឲ្យកាន់តែក្តៅឡើងថែមទៀត។ សូមរំលឹកថា ចាប់តាំងពីចុងខែកញ្ញា នៅពេលដែលរុស្ស៊ីចាប់ផ្តើម ចេញធ្វើប្រតិបត្តិការទម្លាក់គ្រាប់នៅស៊ីរី តួកគី បានចោទប្រកាន់រុស្ស៊ីជាញឹកញាប់ ថាបានបំពានដែនអាកាសរបស់ខ្លួន។ តួកគីបានគម្រាមថា ក្នុងនាមខ្លួន ជាសមាជិកអូតង់ ខ្លួននឹងប្តឹងដើម្បីឲ្យមានអន្តរាគមន៍ពីអូតង់។
ប៉ុន្តែបើយើងពិនិត្យមើលឲ្យជ្រៅ រឿងរំលោភដែនអាកាស គឺគ្រាន់តែជាលេស តែហេតុផលពិតប្រាកដដែលតួកគី ព្យាយាមរកហេតុផស រករឿងរុស្ស៊ី ចាប់កំហុស គឺដោយសារតែតួកគី មួរម៉ៅក្តៅក្រហាយនឹងប្រតិបត្តិការទម្លាក់គ្រាប់របស់កងទ័ពរុស្ស៊ី ច្រើនជាង។ កងទព័រុស្ស៊ី ដែលកំពុងតែទម្លាក់គ្រាប់ នៅស៊ីរី គឺត្រូវគេដឹងយ៉ាងច្បាស់ ថាធ្វើដើម្បីជួយកងទ័ពរដ្ឋាភិបាល របស់បាស្ឆា អាល់ អាសាដ។ ការទម្លាក់គ្រាប់ គឺរុស្ស៊ីបានធ្វើឡើង ទៅលើក្រុមឧទ្ទាម ប្រឆាំងរដ្ឋាភិបាលទាំងអស់ ដោយឥតរើសមុខ ដែលក្នុងនោះ ក៏មានក្រុមឧទ្ទាមតួកកូម៉ាន់ ដែលជាកូនចៅរបស់តួកគីផងដែរ៕
No comments:
Post a Comment