Wednesday, November 25, 2015

[ពត៏មានទាន់ហេតុការណ៏] លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ ២៤ ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ហ្មត់

លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ ២៤ ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ហ្មត់


ភ្នំពេញៈ លំនៅឋាន​​ប្រជាពលរដ្ឋ​ចំនួន ២៤ ខ្នង​នៅ​ខណ្ឌ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យ​​លេប​ត្របាក់​អស់​គ្មាន​សល់​ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​ករណី​នេះ​អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

លោក​ នេត វន្ថា ស្នងការ​រង​ទទួល​បន្ទុក​ការងារ​អគ្គិភ័យ និង​ជាតិ​ផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​​នេះ​គ្រោះ​អគ្គិភ័យ​បាន​បំផ្លាញ​​ផ្ទះ​​​​ប្រជាពលរដ្ឋ និង​សំណង់​មិន​រៀបរយ​អស់​ ២៤​ ខ្នង​ក្នុង​នោះ​ផ្ទះ ១៥ ខ្នង​នៅ​​ផ្លូវ​រទេះ​ភ្លើង​សង្កាត់​បឹងកក់​១​ខណ្ឌ​ទួលគោក​ត្រូវ​​បាន​អគ្គិភ័យ​​ឆាបឆេះ​កាលពី​ល្ងាច​​ថ្ងៃ​អង្គារ និង​​ផ្ទះ​ ៩​ ខ្នង​ទៀត​នៅ​សង្កាត់​បឹងកេងកង​ ២ ខណ្ឌ​ចំការមន​ត្រូវ​​ឆេះ​កាលពី​ម៉ោង ១ រំលង​អធ្រាត្រ​ថ្ងៃ​ពុធ​ម្សិលមិញ។ ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិស​ភ័យ​ទាំង​ពីរ​ទីតាំង​នេះ​អាជ្ញាធរ​បាន​ប្រើ​ឡាន​ទឹក​ចំនួន ៣៣ គ្រឿង។
បើ​តាម​លោក វន្ថា អាជ្ញាធរ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​ទាំង​ពីរ​ករណី​ឆេះ​នៅ​ឡើយ​ទេ​ហើយ​កំពុង​ធ្វើការ​ស៊ើបអង្កេត។
លោក វន្ថា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ខណៈ​ដែល​រដូវ​រំហើយ​បាន​ចូល​មក​ដល់​ក្នុង​នោះ​ត្រូវ​ប្រយ័ត្ន​​សំរាម និង​ស្លឹក​ឈើ​ស្ងួត​ដែល​ងាយ​នឹង​ឆេះ​ដោយសារ​កម្តៅ​ថ្ងៃ​ត្រូវ​ពិនិត្យ​ភ្លើង​ចង្ក្រាន​ទានធូប​ និង​ឧបករណ៍​​ ឬ​សារធាតុ​ដែល​ងាយ​ឲ្យ​មាន​អគ្គិភ័យ​មុន​នឹង​​ចាកចេញ​ពី​ផ្ទះ​។​ ត្រូវ​​ស្គាល់​លេខ​ទំនាក់​ទំនង​ និង​សហការ​ជាមួយ​​​អាជ្ញាធរ​មូលដ្ឋាន ឬ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ដើម្បី​ឲ្យ​ពួកគាត់​អាច​ចុះ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា។
អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ​លោកស្រី គឹម ហេង ​បាន​ថ្លែង​ថា​ថ្មីៗ​នេះ​ក្រសួង​បាន​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ​ដើម្បី​បន្ត​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ពី​ការ​ការពារ និង​​​បង្ការ​អគ្គិភ័យ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ជាពិសេស​អាជីវករ​លក់ដូរ​តិចតួច​ប្រជាសហគមន៍​ និង​បណ្តុំ​សហគមន៍​សំណង់​មិន​រៀបរយ​ហើយ​ក្រសួង​​នឹង​​​បង្កើន​ឧបករណ៍​បច្ចេកទេស​បន្ថែម​ដើម្បី​ធ្វើ​យ៉ាង​ណា​ការពារ​ និង​អន្តរាគមន៍​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា។
លោក​ថា៖ «យើង​នឹង​សុំ​គោលការណ៍​ក្រសួង​ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​គ្រោះ​អគ្គិភ័យ​​នៅក្នុង​រាជធានី​ឲ្យ​បាន ៩០ ភាគរយ​នៅ​ឆ្នាំ​ក្រោយ​»។
លោក ពេជ្រ រ៉ាឌី ជា​ជនរងគ្រោះ​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​ផ្ទះ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នៅ​សង្កាត់​បឹងកក់​ ១ នេះ​បើ​តាម​ពលរដ្ឋ​ដែល​បាន​ដឹង​ហេតុ​ការណ៍​ថា​បណ្តាល​មកពី​ក្មេង​ទំនើង​នៅ​ម្តុំ​នោះ​ប្រើប្រាស់​គ្រឿងញៀន​ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​ប្រាប់​​ពលរដ្ឋ​ថា​បណ្តាល​មកពី​ទុស្សេ​ខ្សែ​ភ្លើង។
បើ​តាម​លោក វន្ថា ចាប់​តាំងពី​ដើម​ឆ្នាំ ២០១៥ មក​ដល់​ថ្ងៃ​ម្សិលមិញ​នៅ​ភ្នំពេញ​មាន​ករណី​អគ្គិភ័យ​​កើត​ឡើង​ចំនួន​ ១១៦ ករណី​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ៩ នាក់​របួស​ ១១ នាក់​ខូចខាត​ផ្ទះ​សម្បែង និង​សម្ភារ​ផ្សេងៗ​អស់​ជាច្រើន​ទៀត៕

No comments:

Post a Comment