ពហុកីឡដ្ឋានជាតិបានពោរពេញដោយសំឡេងហោកងរំពងពីអ្នកគាំទ្រដល់អ្នកចម្បាំងអង្គរ Cambodia All Stars ដែលទទួលស្វាគមន៍ក្រុមយក្សមកពីថៃ Buriram United វេលាម៉ោង៦:៣០នាទីល្ងាចមិញនេះ។ លទ្ធផលរវាងក្រុមទាំងពីរបានបញ្ចប់ទៅស្មើគ្នា ២-២ ក្នុងការប្រកួត ៩០នាទីពេញ។ ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី ក្រុមកម្ពុជា Cambodia All Stars ជាអ្នកឈ្នះដោយគ្រាប់បាល់ ៤-៣។ សរុបគ្រាប់បាល់ ក្រុមកម្ពុជា Cambodia All Stars ឈ្នះក្រុម Buriram United ៦-៥ ដែលធ្វើឲ្យក្រុមជើងឯកថៃនេះស្គាល់បរាជ័យលើទឹកដីកម្ពុជាដូចក្រុមជើងឯករង Muangthong United ដែរ។
នៅតង់ទី១ ក្រុមទាំង២ មានឱកាសទៅវិញទៅមកដូចគ្នា ប៉ុន្តែក្រុម Buriram United ស៊ុតចេញពីជើងបានច្រើនជាង។ ជិតចប់ការប្រកួតក្នុងតង់ទី១ ប្រធានក្រុម Buriram United កីឡាករ Nutnum ស៊ុតនាំមុខមុន ១-០។
ចូលដល់តង់ទី២ កីឡាករ ប្រាក់ មុន្នីឧត្តម បានស៊ុតតាមស្មើវិញ នៅនាទីទី៦៨។ ក្រុម Buriram United នៅតែបន្តសម្រុករហូតរកបានគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀតដើម្បីនាំមុខជាថ្មីនៅនាទីទី៨៣ ដោយកីឡាករ Diogo។ ទោះយ៉ាងណា កីឡាករវ័យក្មេង ចាន់ វឌ្ឍនាកា ស៊ុតតាមស្មើវិញនៅជិតចប់ការប្រកួតនាទី៩០។
ចំពោះការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី៖
ក្រុមកម្ពុជា Cambodia All Stars៖ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, គួច សុកុម្ភៈ និង ស៊ុន សុវណ្ណរិទ្ធី ស៊ុតចូល ប៉ុន្តែ សុក សុវណ្ណ ស៊ុតមិនចូល។
ក្រុមថៃ Buriram United៖ Theerathon, Diogo និង Andre Moritz ស៊ុតចូល ប៉ុន្តែ Andre Tunez និង Koravit Namwiset ស៊ុតមិនចូល៕
No comments:
Post a Comment