Tuesday, November 24, 2015

IS ធ្វើ​សកម្មភាព​នៅ​ម៉ាឡេស៊ី​ ថៃ​បង្កើន​ការ​ប្រុងប្រយ័ត្ន​សន្តិសុខ​ទូទាំង​ប្រទេស


ក្រុងបាងកកៈ ឧបនាយក​រដ្ឋមន្ត្រី​ថៃ និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Prawit Wongsuwon បាន​ណែនាំ​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​បង្កើន​សន្តិសុខ​នៅ​ទូទាំង​ប្រទេស​ក្រោយពី​មាន​របាយការណ៍​ជាច្រើន​ពី​ផែនការ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។
អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឧត្តម​សេនីយ៍ទោ Khong cheep Trantrawanich បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា​ឧត្តមសេនីយ៍ Prawit បាន​​ធ្វើ​អធិបតី​ជំនួប​​ក្រុម​​ប្រឹក្សា​ការពារ​ជាតិ​មួយ​​ដើម្បី​ពិភាក្សា​បញ្ហា​សន្តិសុខ​ជាមួយ​ក្រុម​​មេបញ្ជាការ​នៃ​កម្លាំង​ប្រដាប់​អាវុធ​។ ដោយ​​ចរិត​នៃ​ការ​គំរាម​​កំហែង​នៅ​ម៉ាឡេស៊ី​មិន​ជាក់លាក់​កម្លាំង​សន្តិសុខ​នឹង​ឃ្លាំ​មើល​​រាល់​ទំនាក់​ទំនង​រវាង​ក្រុម​បះបោរ​ក្នុង​ស្រុក​ និង​ក្រុម​ភេរវកម្ម​បរទេស។
យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ម៉ាឡេស៊ី​ ពី​សប្តាហ៍​មុន​បាន​ចាប់​ខ្លួន​ជនសង្ស័យ​​ ៥ ​នាក់​រួម​មាន​ម៉ាឡេស៊ី ៤ ​នាក់ និង ​ឥណ្ឌូនេស៊ី​ ម្នាក់​ពី​បទ​ទាក់ទង​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម​ដែល​គេ​ចោទ​ប្រកាន់ និង​បណ្តាញ​ភេរវកម្ម​នៅក្នុង​តំបន់​មួយ​ទៀត។
ឧត្តមសេនីយ៍ Khong cheep បាន​និយាយ​ថា​ឧត្តមសេនីយ៍ Prawit ក៏​បាន​ប្រាប់​ទីភ្នាក់ងារ​ចារកម្ម និង​សន្តិសុខ​ឲ្យ​ដោះដូរ​ព័ត៌មាន​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​ បន្ទាប់ពី​ការ​វាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី ១៣ វិច្ឆិកា។
លោក​បាន​សង្កត់​ធ្ងន់​ពី​តម្រូវការ​ចំពោះ​បណ្តា​ទីភ្នាក់ងារ​ឲ្យ​បង្កើត​វិធាន​ការ​បង្ការ​ជា​មុន​ដោយ​ធ្វើការ​ជាមួយ​សាធារណជន​ដើម្បី​បង្កើត​បណ្តាញ​មួយ​ដើម្បី​គាំទ្រ​រាល់​ប្រតិបត្តិការ​សន្តិសុខ​។ សាធារណជន​ក៏​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ជួយ​ក្រុម​អាជ្ញាធរ​ឃ្លាំ​មើល​អ្នក​ដែល​មាន​បំណង​មិន​ល្អ។
ឧត្តមសេនីយ៍ Prawit ក៏​បាន​បញ្ជា​ឲ្យ​យោធា​គាំទ្រ​ប្រតិបត្តិការ​ប៉ូលិស​ដើម្បី​រក្សា​សន្តិសុខ​ទូទាំង​ប្រទេស​ជាពិសេស​នៅ​តំបន់​ជួប​ហានិភ័យ​។
នៅក្នុង​សុន្ទរកថា​បើក​ជំនួប​ប្រមុខ​កងទ័ព​អាស៊ាន​លើ​ទី ១៦ ក្នុង​ក្រុង​បាងកក​ពី​ថ្ងៃ​ចន្ទ​មេបញ្ជាការ​កងទ័ព​ឧត្តមសេនីយ៍​ Theerachai Nakvanich បាន​ថ្លែង​ថា​ប្រមុខ​កងទ័ព​អាស៊ាន​បាន​យល់​ព្រម​​ធ្វើការ​រួម​គ្នា​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​សន្តិសុខ​ផ្សេងៗ​ដែល​ក្នុង​នោះ​មាន​ទាំង​មហន្តរាយ​ធម្មជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ភេរវកម្ម៕ 

No comments:

Post a Comment